អាជ្ញាធរខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ ព្រមទាំងបានណែនាំដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្ម និងរស់នៅតាមសងខាង បណ្តោយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវលេខ១០៧ ផ្លូវលេខ១០៨ ផ្លូវលេខ២០៦ ផ្លូវលេខ២០៩ និងផ្លូវលេខ២១០ ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ។
ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្ត ជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។
សូមគួរបញ្ជាក់ផងដែរថានេះជាលើកទី៣ហើយ ដែលឯកឧត្តមអភិបាលរងខេត្ត បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញតំបន់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅផងដែរ៕