នេះជាលើកទី៥ហើយដែរ អាជ្ញាធរខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ ចាប់ពីរង្វង់មូលព្រះនរាយណ៍ រហូតដល់ស្ពានថ្ម ព្រមទាំងបានណែនាំដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្ម និងរស់នៅតាមសងខាង ផ្លូវជាតិលេខ២១ និងផ្លូវ១១៥ ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវជាបន្ទាន់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ។
នាឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលបំណងសំខាន់ ក្នុងការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណភាពនៅតាមកំណត់ផ្លូវជាតិសំខាន់ៗនេះឲ្យបានស្អាតសមរម្យសាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមានបរិស្ថានអនាម័យបានល្អប្រសើរ។ អាជ្ញាធរត្រូវណែនាំដល់បងប្អូនអាជីវករ ដែលលក់ដូរលើចិញ្ចើមផ្លូវ និងរស់នៅតាមសងខាងផ្លូវ ឱ្យរុះរើតូប ឬការដាក់តាំងទំនិញដែលបង្កការរំខាន់ដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋ និងយានយន្តធ្វើដំណើរ ពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវអោយរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានបន្តថា៖ ការចុះរៀបចំនេះគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ មិនឲ្យមានការកក់ស្ទះបន្តទៀត និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែររ។បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះមិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្ត ជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។