ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កាលពីវេលាម៉ោង ២២:១៥នាទី ថ្ងៃទី ០៦ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីជនសង្ស័យម្នាក់ បានប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីទទួលបាននូវព័ត៌មានអំពីហេតុការណ៏នេះ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោងទង ចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនបង្ករភ្លាមៗនៅនឹងកន្លែង។
ជនសង្ស័យមានឈ្មោះ សួន ថន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។បច្ចុប្បន្នជនបង្ករបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីធ្វើតាមនីតិវិធីបន្ត៕

