គម្រោងដេញថ្លៃចំនួន៣គម្រោង ប្រព្រឹត្តទៅនៅឃុំស្លា ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ បានបង្កើតភាពមិនប្រក្រតីជាច្រើនដែលគួរឱ្យកត់សម្គាល់ សង្ឃឹមថាឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ និងមន្ត្រីជំនាញ បើកការស៊ើបអង្កេតតាមដាន ព្រោះនេះជាថវិការបស់ជាតិ ក្នុងគម្រោងនីមួយៗជាង៤០០លានរៀល ស្មើនឹងជាង ១០ម៉ឺនដុល្លា ដោយដេញចុះត្រឹមតែបន្តិចបន្តួច ឬជាគម្រោងការណ៍ជាមុន ដើម្បីយកថវិកាជាតិចែកគ្នាចាយ?
ក្នុងហេតុការណ៍នោះផងដែរ មានក្រុមហ៊ុនចំនួន១ គឺក្រុមហ៊ុន សំណង់ខ្មែរវីសាការ ដែលមានលោក ឆោម រក្សា ជាអ្នកដេញថ្លៃ បានឱ្យអ្នកផ្សេងទៅដាក់ដេញថ្លៃជំនួស (គ្មានលិខិតប្រគល់សិទ្ធិ) ឬហៅបានថា(គ្មានសុពលភាព) ហើយថែមទាំងមិនសុខចិត្ត គឺទទួលស្គាល់នូវកំហុស លុះមានការសម្រួលដោយសម្ងាត់ពីភាគីក្រុមហ៊ុនសំណង់ទូទៅ ម៉មដាវី ដែលមានលោកស្រី ម៉ម រដ្ឋាវី ជាអ្នកដេញថ្លៃ ដែលទទួលបានលេខ២ក្នុងការដេញថ្លៃ ទើបលោក ឆោម រក្សា ម្ចាស់ក្រុមហ៊ុនសំណង់ខ្មែរវីសាការ សុខចិត្តទទួលយក។


