ក្រុមគ្រួសារមន្ត្រីយោធា និងប្រជាពលរដ្ឋ១៣គ្រួសារ ដែលមានវិវាទដីធ្លីនៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត  ដោះស្រាយដោយផ្ទាល់

ក្រុមគ្រួសារមន្ត្រីយោធា និងប្រជាពលរដ្ឋប្រមាណ១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយ បុគ្គល ឈ្មោះ ឃុត វី ស្ថិតនៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញមុខដោះស្រាយដោយផ្ទាល់។

បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជម្លោះដីធ្លីខាងលើនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០ ២៤ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាជំនួយការ ពីរ រូប គឺឯកឧត្តម កែវ ផុង និងឯកឧត្តម គង់ លីវ៉ា ជំនួយការសម្តេចតេជោ ចុះទៅកាន់ខេត្តព្រះវិហារ ធ្វើការងារជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវលំអិតអំពីបញ្ហាខាងលើ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញគ្រួសារយោធាន និងប្រជាពលរដ្ឋទាំង១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយ ក្រុមហ៊ុនមកជួបជជែកពិភាក្សាដោយផ្ទាល់។ បន្ទាប់ពីជជែក និងសាកសួរព័ត៌មានលំអិហើយនោះ លោកអភិបាលខេត្ត បានធានាអះអាងទៅកាន់គ្រួសារយោធា និងប្រជាពលរដ្ឋទាំង១៣គ្រួសារ នឹងមិន ឱ្យមានអនុវត្តន៍ផ្លូវច្បាប់ណាមួយលើពួកគាត់ ហើយក៏នឹងរិះរកវិធីបញ្ចប់រឿងក្តីទាំងឡាយជាមួយក្រុមហ៊ុន ផង ដែរ។

បន្ថែមពីលើនោះ លោកអភិបាលខេត្ត ក៏បានអះអាងដែរថា នឹងជជែកជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាភាគី ក្រុមហ៊ុន ដើម្បីកាត់ឆ្កៀលដីមានវិវាទជូនប្រជាពលរដ្ឋ ហើយឈានទៅធ្វើប្លង់រឹងជូនពួកគាត់។
តំណាងឱ្យប្រជាពលរដ្ឋមានបញ្ហាដីធ្លីខាងលើនេះ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មន្ត្រីយោធាបម្រេីការ កងការពារឃ្លាំងចំណុះយោធិភូមិភាគទី៤ បានបង្ហាញក្តីត្រេកអរជាពន់ពេកបន្ទាប់ពីទទួលបានដំណោះ ស្រាយមួយល្អប្រសើរ ដោយបានដីត្រឡប់មកវិញ ហើយមិនប្រឈមទោសទណ្ឌ ។

លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងជ្រាល ជ្រៅបំផុត។ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានចាត់ទុកសម្តេចតេជោ និងសម្តេចធិបតី ជាមេដឹកនាំឈរនៅខាងប្រជាពលរដ្ឋ និងតម្កល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនដែលរំលងសម្តេចនោះឡើយ។
លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ក៏បានថ្លែងអំណរគុណឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានខ្នះខ្នែង និងសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងជួយឱ្យពួកគាត់បានត្រឡប់មកផ្ទះសម្បែងវិញ៕