ខេត្តក្រចេះ៖ នាថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា បានដឹកនាំថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត អញ្ជើញចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានា នៅជុំវិញខេត្តក្រចេះ។
កម្មវិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពកក់ក្តៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានអញ្ជើញមកជួបសំណេះសំណាល និងស្តាប់អនុសាសន៍ដ៏មានសារៈសំខាន់ពីសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។
ការចូលរួមអមដំណើររបស់ឯកឧត្តម ភឺន ផល្លា រួមជាមួយថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានបង្ហាញពីការបន្តគាំទ្រយ៉ាងសកម្មចំពោះបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងជំរុញការកសាងកម្លាំងគណបក្សឱ្យកាន់តែរឹងមាំ ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូល។
ជំនួបសំណេះសំណាលនេះ ក៏ជាការបន្តពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំកណ្តាល និងថ្នាក់ដឹកនាំនៅមូលដ្ឋាន ដើម្បីរួមគ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ប្រកបដោយប្រសិទ្ធភាព សំដៅថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

