ល្បែងស៊ីសងបំផ្លាញអនាគត បំផ្លាញគ្រួសារ! ជនសង្ស័យប្រុស-ស្រីចំនួន ០៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងច្បារមន
ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ
កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងនោះស្រីចំនួន ០១នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង Online ខុសច្បាប់ (ឡូតូ) ស្ថិតនៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ យូ សុភា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី២-ឈ្មោះ អន អុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី៣-ឈ្មោះ សូត្រ សារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិសំបួរ សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី៤-ឈ្មោះ មួង មិត្ត ភេទប្រុស អាយុ៦០ឆ្នាំ គឺជាម្ចាស់ផ្ទះ និងអ្នកផ្តល់ទីតាំងលែងល្បែង ទីលំនៅបច្ចុប្បន្នភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី៥-ឈ្មោះ សួន ភី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី៦-ឈ្មោះ លី អាទីណា ភេទស្រី អាយុ ៣៣ឆ្នាំ មុខកាន់ម៉ាស៊ីនឡូតូ និងចាត់ចែងឲ្យមានការលែងល្បែង ទីលំនៅបច្ចុប្បន្នភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ ម៉ូតូចំនួន ៩គ្រឿង (ទី១. ម៉ូតូម៉ាក់ Honda Dream សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល 1Q-0684, ទី២. ម៉ូតូម៉ាក់ Honda Dream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1P-8094, ទី៣. ម៉ូតូម៉ាក់ Honda Dream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ, ទី៤. ម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានផ្លាកលេខ, ទី៥. ម៉ូតូម៉ាក់ Honda Dream សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1G-8409, ទី៦. ម៉ូតូម៉ាក់ Honda Dream សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BP-6788, ទី៧. ម៉ូតូម៉ាក់ Honda Dream សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KE-3758, ទី៨. ម៉ូតូម៉ាក់ Honda Dream សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BY-8554 និងទី៩. ម៉ូតូម៉ាក Click ពណ៌ស លាយខ្មៅ សេរីឆ្នាំ២០១៨ ផ្លាកលេខ កំពង់ស្ពឺ 1L-7868), ទូរស័ព្ទចំនួន ០៧គ្រឿង (ម៉ាក OPPO ពណ៌ទឹកប៊ិច ចំនួន ០៣គ្រឿង, ម៉ាក IPhone ចំនួន ០២គ្រឿង, ម៉ាក VIVO ពណ៌ទឹកសមុទ្រ ចំនួន ០១គ្រឿង និងម៉ាក TECNO SPARK ពណ៌ស ចំនួន ០១គ្រឿង), Tablet ពណ៌ខ្មៅ ចំនួន ០១គ្រឿង (បែកកញ្ចក់), ប្រាក់រៀលចំនួន ១,៤៩៣,៤០០៛ (មួយលានបួនសែនប្រាំបួនមុឺនបីពាន់បួនរយ), ប្រាក់ដុល្លារចំនួន 110$ (មួយរយដប់ដុល្លារ) និងបារីចំនួន ០៥សុង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕