ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចុះជួយសង្គ្រោះប្រជាពលរដ្ឋជាប់គាំងដោយទឹកជំនន់នៅតំបន់ខ្នងផ្សារ
កំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងដោយសារទឹកជំនន់ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យទៅដល់ទីទួលមានសុវត្ថិភាព កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ បានអនុវត្តក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យកម្ពស់ទឹកនៅតំបន់មួយចំនួននៃខ្នងផ្សារហក់ឡើងខ្ពស់ ធ្វើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនដែលកំពុងធ្វើដំណើរ ឬស្នាក់នៅទីនោះ មិនអាចបន្តដំណើរបាន។
កម្លាំងចម្រុះបានប្រើប្រាស់មធ្យោបាយចាំបាច់ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីមានសុវត្ថិភាព ព្រមទាំងផ្តល់ការណែនាំអំពីវិធានការការពារខ្លួន ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានពីជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានគម្រោងធ្វើដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ ជាពិសេសនៅស្រុកឱរ៉ាល់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈភ្លៀងនៅតែបន្តធ្លាក់ ដែលអាចបណ្តាលឱ្យកម្ពស់ទឹកហក់ឡើងភ្លាមៗ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
ការអន្តរាគមន៍ទាន់ពេលវេលារបស់កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ បានរួមចំណែកធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងមានប្រសិទ្ធភាព ខណៈស្ថានភាពអាកាសធាតុនៅតែបន្តមានហានិភ័យ។