ក្រុមប្រឹក្សាខេត្តកណ្តាល ជំរុញមន្ទីរសុខាភិបាលបង្កើនវិធានការបង្ការជំងឺគ្រុនឈាម និងពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំបានផ្តោតលើការត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការបម្រើប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន បានណែនាំឱ្យមន្ទីរសុខាភិបាលខេត្ត បង្កើនការផ្សព្វផ្សាយវិធានការបង្ការជំងឺគ្រុនឈាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំកម្ចាត់មូសខ្លា ត្រៀមសម្ភារពេទ្យឱ្យបានគ្រប់គ្រាន់ និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើសង្ស័យថាមានជំងឺគ្រុនឈាម។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យគ្រប់មន្ទីរ-អង្គភាព បន្តពង្រឹងគុណភាពសេវាសាធារណៈ ឱ្យមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់លើការអនុវត្តរបបសន្តិសុខសង្គម (បសស) ដើម្បីការពារផលប្រយោជន៍របស់កម្មករ មន្ត្រីរាជការ និងប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានប្រកាសថា ក្រុមប្រឹក្សាខេត្តនឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមមូលដ្ឋាននាពេលខាងមុខ ដើម្បីស្តាប់មតិ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយឡែក ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋរួមគ្នាបង្ការទាំងជំងឺឆ្លង និងជំងឺមិនឆ្លង ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហាត់ប្រាណ បរិភោគអាហារដែលមានសុវត្ថិភាព និងពិនិត្យសុខភាពជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍។