ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ដឹកនាំគណៈប្រតិភូចូលរួមសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តអាយុយឺនយូរ ខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចូលរួមពិធីកាត់ខ្សែបូសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តអាយុយឺនយូរ (ហៅវត្តភ្នំត្រយឹង) ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ជាកិច្ចចាប់ផ្តើម តំណាងរដ្ឋបាលឃុំល្អាងបានធ្វើរបាយការណ៍ជូនគណៈអធិបតី អំពីប្រវត្តិវត្ត ក៏ដូចជាសមិទ្ធផលនានាដែលបានកសាងរួចរាល់ និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា និងជាទីសក្ការបូជារបស់ពុទ្ធបរិស័ទក្នុងមូលដ្ឋាន។
ថ្លែងសំណេះសំណាលជាមួយព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេសពីសម្តេចទាំងទ្វេ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ឯកឧត្តមក៏បានចូលរួមបច្ច័យមួយចំនួន ដើម្បីបន្តរួមចំណែកកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែរីកចម្រើន សម្រាប់ជាប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ។
ពិធីបុណ្យឆ្លងសមិទ្ធផលខាងផ្លូវពុទ្ធចក្រនេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក រយៈពេល១យប់២ថ្ងៃ នៅក្នុងបរិវេណវត្តអាយុយឺនយូរ (ហៅវត្តភ្នំត្រយឹង) ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូអនុគណស្រុក ព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីក្រុមប្រឹក្សាឃុំ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណៈកម្មការវត្ត អាចារ្យវត្ត សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសសោមនស្សរីករាយ និងជ្រះថ្លាក្នុងការបំពេញបុណ្យកុសល។
សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមានកុដិ និងសំណង់ផ្សេងៗទៀត ដែលជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនា ក្រោមការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រពីថ្នាក់ដឹកនាំ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និងពុទ្ធបរិស័ទ។ សមិទ្ធផលទាំងនេះនឹងបន្តបម្រើជាប្រយោជន៍ដល់ព្រះសង្ឃក្នុងការគង់ប្រថាប់ សិក្សាព្រះធម៌វិន័យ និងជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយលើកស្ទួយ និងអភិរក្សព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។