លោក ម៉េង ស្រ៊ុន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ២គ្រួសារ នៅឃុំអមលាំង

កំពង់ស្ពឺ៖ ដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់របស់លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកបានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រុមការងារដែលត្រូវបានចាត់តំណាង រួមមាន លោក ហែម សុវណ្ណ ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាក្នុងករណីពិសេសប្រចាំស្រុកថ្ពង និងលោក ឆូយ ហ៊ីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំអមលាំង បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារខ្វះខាតចំនួន ២គ្រួសារ រួមមាន៖ គ្រួសារលោក ឃ្នី នី និងភរិយាឈ្មោះ វ៉ន រិន រស់នៅភូមិអូរអង្គំ និងគ្រួសារលោក អ៊ុំ អ៊ុក ជាជនចាស់ជរា រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង។

ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការយកចិត្តទុកដាក់ និងក្តីព្រួយបារម្ភពីលោក ម៉េង ស្រ៊ុន ព្រមទាំងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគដល់គ្រួសារនីមួយៗ។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារ រួមមាន អង្ករ ២០គីឡូក្រាម (៤បេ), ទឹកភេសជ្ជៈ ១កេស, ទឹកបរិសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងត្រីខ ១យួរ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកស្មារតីសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋាន ក្នុងការជួយសម្រាលការលំបាក និងលើកទឹកចិត្តប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតឱ្យទទួលបានការគាំទ្រជាបន្តបន្ទាប់។