ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ក្វាងហ៊ុយ ប្រធានផ្នែកយុវជន នៃអគ្គស្នងការនយោបាយក្រសួងការពារប្រទេសវៀតណាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហែម ថា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការសិក្សារៀនសូត្ររវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក ង្វៀន ក្វាងហ៊ុយ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកងពលតូចលេខ៧០ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ លោកក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងវៀតណាម ដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
បន្ទាប់ពីកម្មវិធីជួបសំណេះសំណាល ភាគីទាំងពីរក៏បានរៀបចំការប្រកួតបាល់ទះមិត្តភាពរវាងក្រុមបាល់ទះកងពលតូចលេខ៧០ និងក្រុមបាល់ទះនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព ដែលបានឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ។

