កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុតពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
ជាក់ស្តែងថ្មីៗនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង០២ ក្រុមមានគ្នា ០៥នាក់ ពាក់ពន្ធ័និងករណីក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូ តាមទីសាធារណៈ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សណ្តាប់សង្គម ត្រូវបានកម្លាំងជំនាញបង្រ្កាបនិងឃាត់ខ្លួន ក្នុងនោះដែរក្រុមទី០១បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈកាលពីវេលាម៉ោង ០:០៣នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខក្លោងវត្តអង្គជ្រៃ ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ យឿន សំបាន ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះម៉ូវ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ។ ចំណែកក្រុមទី០២បានធ្វើសកម្មភាព កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលផ្លែស្ពឺ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជនសង្ស័យទាំងនោះមានឈ្មោះ វ៉ាត គីមហាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ូតូ ឈ្មោះ ឃុន វន្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ ឈ្មោះ ជៀប មការា ភេទប្រុស អាយ១៦ឆ្នាំ មុខរបរកម្មករ ។ និងចាប់យកវត្ថុតាងរួមមានៈ ម៉ូតូចំនួន០៣គ្រឿងម៉ាក Honda Dream និងទូរសព្វ័ដៃចំនួន០៤ គ្រឿង
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំង០៥នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ឪពុក ម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បង្កអសន្តិសុខ និងជាហេតុដែលឈានទៅដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

