អាជ្ញាធរខណ្ឌចំការមន ហាក់បណ្តោយឱ្យ ក្លឹបកីឡាស្នូកឃ័រ អេលីដ សង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់(អាប៉ោង) បើកលេងយ៉ាងសេរី ល្មើសបទបញ្ជាលោក ឃួង ស្រេង ដាក់បទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ មិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួនទៀតឡើយ

រាជធានីភ្នំពេញ៖ ប្រភពពីអ្នកធ្លាប់ចូលទៅលេងបានឱ្យដឹងថាល្បែងស៊ីសងខុសច្បាប់ បង្កប់ក្នុង ទីតាំងស្នូកឃ័រមួយកន្លែងឈ្មោះ ក្លឹបកីឡាស្នូកឃ័រ អេលីដ ស្ថិតនៅចំណុចខាងកើតក្រសួងអភិវឌ្ឍន៍ជនបទ តាមបណ្តោយផ្លូវ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុងភ្នំពេញ មានការបើកល្បែងស៊ីសងជាច្រើនប្រភេទ ជាពិសេសវង់អាប៉ោងតែម្តង ដោយសកម្មភាពល្បែងស៊ីសងទាំងអស់នេះ ញ៉ាំងឲ្យអ្នកលេងមានច្រើនជម្រើស ក្រៅតែពីចូលលេងល្បែងកីឡាស្នូកឃ័រ គឺអាចលេងល្បែងស៊ីសងអ្វីៗផ្សេងទៀតដោយរីករាយ។

ប្រភពបន្ថែមថា ទីតាំងក្លឹបកម្សាន្តនេះបានដំណើរការជាយូរមកហើយចំពោះល្បែងស៊ីសងខុសច្បាប់បន្ថែមនោះ ពោលគឺដើរចូលក្នុង ត្រូវជួបច្រើនជាន់ទើបដល់  អាចនិយាយបានថា វាជាការកំសាន្តរបស់មេៗនៅពេលគាត់ជួបជុំគ្នាតែប៉ុណ្ណោះ មិនមែនជនកំប៉ិកកំប៉ុក,អ្នករត់កង់បី,រត់ pass app ឬម៉ូតូឌុបឡើយ។ ដូច្នេះ បើគេលេងល្បែងស៊ីសង ក៏មិនមែនលេងកំប៉ិកកំប៉ុក ឲ្យមានតែឈ្មោះនោះដែរ គឺគេលេងដាក់លុយច្រើនឲ្យសមនឹងមុខមាត់ កិត្តិយសរបស់ពួកគេជាមន្ត្រីធំ ឬជាអ្នកមានលុយច្រើន ដោយអ្នកលេងអាចជួបជុំគ្នាតាមការណាត់ ហើយម្ចាស់ទីតាំងគ្រាន់តែកាន់យកតុងប៉ុណ្ណោះ។

យ៉ាងណាវិញ មហាជន និងអ្នកវិភាគមិនដឹងថា តើអាជ្ញាធរខណ្ឌចំការមនមានសមត្ថភាពអាចទៅបង្ក្រាបល្បែងស៊ីសងនោះបានឬយ៉ាងណានោះទេ ពីព្រោះថា អ្នកទៅលេងល្បែងស៊ីសង កំដរការអផ្សុកទាំង អស់នោះអាចមានបុណ្យសក្តិធំ ជាងមេខណ្ឌចំការមន នោះទៅទៀត។ យ៉ាងណាក៏ដោយ បើយកច្បាប់ជាធំនោះ អាជ្ញាធរខណ្ឌចំការមន ពិតជាអាចបង្ក្រាបវង់ល្បែងស៊ីសងនោះបាន ហើយបើហោចណាស់ក៏អាចព្រមានម្ចាស់ទីតាំងថា ការលេងល្បែងគឺជាទង្វើខុសច្បាប់ ដោយអនុវត្តតាមប្រសាសន៍លោក ឃួង ស្រេង នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដាក់បទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ មិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួនទៀតឡើយ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ទំនាក់ទំនងព័ត៌មាន 012400462