ឯកឧត្តមបណ្ឌិត ហ៊ុន សុខា តំណាងឯកឧត្តម ភឺន ផល្លា ដឹកនាំក្រុមការងារ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វរកងទ័ព និងសន្យាផ្គត់ផ្គង់បន្លែជាប្រចាំដល់អង្គភាព
ខេត្តព្រះវិហារ៖ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល ជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាមួយចំនួន ប្រគល់ជូនដល់វរកងទ័ពជួរមុខ ព្រមទាំងសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងការពារទិសមុខប្រាសាទព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ ឯកឧត្តម ភឺន ផល្លា ជូនចំពោះនាយទាហាន ពលទាហាន និងកងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានសន្យាថា នឹងបន្តផ្គត់ផ្គង់បន្លែស្រស់ជាប្រចាំដល់អង្គភាព ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភរបស់កងទ័ពជួរមុខឱ្យកាន់តែប្រសើរឡើង។
កម្មវិធីសំណេះសំណាល និងប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៦ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទិសទី១ ទល់មុខប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយត្រូវបានប្រគល់ជូនតាមរយៈ ឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងកងកម្លាំងការពារជាតិ។