ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤

វ៉ាស៊ីនតោន៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការី នៅទីស្នាក់ការមន្ទីរបញ្ចកោណ (Pentagon)។

កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្មោះត្រង់ និងស្ថាបនា ដោយភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាមេរិក លើវិស័យសំខាន់ៗមួយចំនួន រួមមាន ការធ្វើសមយុទ្ធរួម ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងការយល់ដឹងទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានជម្រាបជូនភាគីសហរដ្ឋអាមេរិកអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា–ថៃ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការចូលរួមរបស់សហរដ្ឋអាមេរិកកន្លងមក ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។

កិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៤នេះ បានឆ្លុះបញ្ចាំងពីការបន្តរក្សាយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនងល្អ កសាងទំនុកចិត្ត និងលើកកម្ពស់សន្តិសុខ ស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក។