ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង និងស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហ ឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល

ការដាក់បទបញ្ជា និងណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អភិបាលរងខេត្ត ស្នងការនគបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអធិការក្រុង-ស្រុក និងមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទូទាំងខេត្តកណ្ដាល។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពិសេសអនុវត្តឱ្យបានតាមការប្ដេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឱ្យអស់ទូទាំងខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ នៅពេលចុះអនុវត្តត្រូវបង្ហាញនូវឥរិយាបថទន់ភ្លន់ មានសីលធម៌ គុណធម៌ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជានិច្ច ត្រូវមានការទទួលខុសត្រូវខ្ពស់ និងសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងពីអនាម័យបរិស្ថាន ពិសេសការចោលសំរាមរបស់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ ឯកឧត្ដម បានណែនាំដល់អភិបាលក្រុង និងស្រុកទាំងអស់ ត្រូវបំពាក់កាមេរ៉ាសុវត្តិភាព ទីតាំងដែលមានចោលសំរាម ហើយសំអាត និងផ្សព្វផ្សាយ កុំឱ្យប្រជាពលរដ្ឋបោះសំរាមចោលបន្តទៀត ក្នុងករណីដែលនៅមានប្រជាពលរដ្ឋបន្តចោលសំរាម ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងធ្វើការផាកពិន័យតាមច្បាប់ដែលបានកំណត់ ការអនុវត្តបែបនេះក្នុងគោលបំណងកែប្រែឥរិយាបទអ្នកចោលសំរាម ឱ្យបញ្ឈប់ការចោលសំរាមពាសវាលពាសកាលបន្តទៀត។