ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងមហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានចេញសារលិខិតជូនពរ ប្រកបដោយសមានចិត្តគោរព ស្រឡាញ់ និងដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ។
នៅក្នុងសារលិខិតជូនពរនោះ ឯកឧត្តម ភឺន ផល្លា បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងសមត្ថភាពដឹកនាំប្រទេស រហូតសម្រេចបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ភឺន ផល្លា បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យថ្វាយជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ មានសុខភាពល្អ បញ្ញាឈ្លាសវៃ កម្លាំងមាំមួន និងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាជន និងជាតិមាតុភូមិកម្ពុជាជារៀងរហូត។


