
ខេត្តក្រចេះ ៖ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ល្បីខាងប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមប្រភពពីមន្ត្រីរាជការសាធារណ:ការនិងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងនៅពេលនេះ។
ដូច្នេះហើយទើប លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រព្រឹត្តនិងធ្វើអ្វីៗតាមអំពើចិត្ត។ ហើយថែមទាំងហ៊ាន ប្រែក្លាយ ជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងសម្រាប់ថ្លឹងលុយយ៉ាងរលូនដោយមិនខ្លាចញញើតនិងស្ថាប័នពាក់ព័ន្ធណាទាំងអស់។ ករណីនេះ ប្រហែលមកពីមានការបើកភ្លើងខៀវពី សំ ណាក់ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ឬលោកមិនបានចុះពិនិត្យបន្ថែមដិតដល់ ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ ភាគច្រើន ដឹកជញ្ជូនតាមរថយន្តធុន ធំ ផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹង ឲ្យបានត្រឹមត្រូវ តាមការកំណត់នោះទេ ពោលគ្រាន់តែបង់លុយឲ្យលោក នូ សុវណ្ណា អាចធ្វើដំណើរបានហើយ មិនបាច់សួរនាំវែងឆ្ងាយទេ។ ជាងនេះទៅទៀត ក្រុមអាជីវករនិងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុក មិនលើសទម្ងន់ ក៏ត្រូវបង់លុយថ្លៃបាយទឹកតាម ការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកខ្លួន ទើបឈ្មួញធំៗដឹកជញ្ជួនទំនិញទៅដល់គោលដៅ ។
មន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តក្រចេះ មួយចំនួនបានលើកឡើងថា ទំនងជាអំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តមានជ័យ ជាប្រភពចំណូលដ៏សំខាន់របស់ លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ ទើបលោក សេង ឈួន បណ្តោយ ឲ្យលោក នូ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្ត ។
ហេតុនេះហើយ ទើបមានសេចក្តីអំពាវនាវឲ្យ ឯកឧត្តម ប៉េង ពោធ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន មេត្តាចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់លោក នូ សុវណ្ណា និងពិនិត្យមើលលោក សាំង ប៊ុនថេន ផង ដើម្បីបញ្ជៀសនូវបញ្ហាផ្សេងៗ ជាពិសេសខូចផ្លូវជាដើម។
