ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងលើកទិសដៅបន្ត ដោយមានការចូលរួមលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ ប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។
លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយ និងណែនាំអំពី៖
១-ត្រៀមរៀបចំពិធីបរិច្ចាគឈាម ដែលកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម(លើកទី២) នឹងប្រារព្ធធ្វើឡើងចាប់ពីម៉ោង៨ និង ៣០ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
២-ពិភាក្សាលម្អិតអំពីការធ្វើកំណែទម្រង់ ដើម្បីពង្រឹងទៅលើការអនុវត្តតួនាទីភារកិច្ច ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ
៣-ផ្សព្វផ្សាយខ្លឹមសារលទ្ធផលអំពីកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាពេលកន្លងមក
៤-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ, ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម, បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើស OnlineScams, ការងារប្រចាំបញ្ជា, ប្រចាំការ, ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។

