ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱ្យតែផ្តល់ឱកាសគណបក្សប្រជាជនកម្ពុជា នឹងប្រឹងប្រែងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដោយគ្មានការភូតកុហកនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកព្រលានយន្តអន្តរជាតិតេជោ ព្រែកជីកហ្វូណន-តេជោ គឺជាសមិទ្ធផលដ៏ធំសម្រាប់អ្នកខេត្តកណ្តាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឯកសារគេអាចរង់ចាំបាន តែការសង្គ្រោះជីវិតមនុស្ស មិនអាចរង់ចាំបានឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យមិនមែនជាទេវតានោះទេ តែគ្រូពេទ្យធ្វើការងាររបស់ទេវតា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន ធ្វើឱ្យមន្ទីរពេទ្យតេជោសែនកោះធំ លេចចេញជារូបរាង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលធនមនុស្ស គឺទាមទារឱ្យមានសុខភាពល្អ។ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការផ្តល់សេវាសុខាភិបាលបានល្អ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាលើសឈាម និងទឹកនោមផ្អែម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានមន្ទីរពេទ្យ និងនាយកសាលាដើរតួនាទីសំខាន់ណាស់ សម្រាប់ការដឹកនាំមន្ទីរពេទ្យ និងសាលា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ្រើសប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព ត្រូវជ្រើសរើសអ្នកមានជំនាញផ្នែកសុខាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សសប្បាយចិត្ត សុខភាពល្អ ធ្វើឱ្យការងារមានប្រសិទ្ធភាព។ គ្មាននរណាសប្បាយចិត្តឡើយ ឬមានអារម្មណ៍ល្អក្នុងការបំពេញការងារឡើយ បើម្តាយ ឪពុក ឬសមាជិកគ្រួសារឈឺ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួចទេ។ តែប្រជាពលរដ្ឋដែលព្យាបាលនៅក្នុងប្រទេសមានចំនួនរាប់លាននាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរថា ពេទ្យខ្មែរមានជំនាញល្អ ខ្សោយជាងគេតែឧបករណ៍ទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងសេវាសុខាភិបាល គឺពង្រឹងលទ្ធភាពនៃការព្យាបាលឱ្យដល់មូលដ្ឋាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្តលើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់។ សម្តេចធិបតី ណែនាំឱ្យគ្រូពេទ្យជាសេនារបស់ទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សុំចិត្តដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយ បើមិនបានធ្វើបុណ្យទេ កុំយកបាបឱ្យអ្នកប្រើប្រាស់៕