ក្រសួងការងារណែនាំវិធានការ ៦ចំណុច! ឱ្យម្ចាស់រោងចក្រ ,សហគ្រាសអនុវត្ត ដើម្បីការពារសុវត្ថិភាព កម្មករ-កម្មារិនីក្នុងរដូវប្រាំង !!!

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុនមេសា បានឱ្យដឹងថា : ក្រសួងការងារបានណែនាំវិធានការ ៦ចំណុច ឱ្យម្ចាស់ ឬនាយកសហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិតដើម្បីការពារកុំឱ្យមានបញ្ហា សុខភាពណាមួយកើតឡើងអំឡុង ពេលបំពេញការងារក្នុងរដូវប្រាំង។

លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះថា: វិធានការទាំង៦ចំណុចដែលក្រសួងណែនាំរួមមាន :

ទី១/- ត្រួតពិនិត្យ និងថែទាំជាប្រចាំ នូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការ ឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករ និយោជិតចូលធ្វើការ ។

ទី២/- បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់ នៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភព ខ្យល់ចេញចូល។

ទី៣/- ត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ និងយ៉ាងតិច ២លីត្រ ក្នុង ១ថ្ងៃ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។

ទី៤/- បាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ និងត្រូវចាត់វិធានការផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។

ទី៥/- ក្រសួងក៏បានណែនាំឱ្យមានការចាត់បុគ្គលិក ទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅ ជាប្រចាំនៅកន្លែងធ្វើការ។

និងទី៦/- បង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។

បើតាមលោក ស៊ុនមេសា ការណែនាំវិធានការទាំង៦នេះ !រំពឹងថា : អាចជួយបង្ការហានិភ័យសុខភាពដែលអាចកើតឡើង និងលើកម្ពស់សុវត្ថិភាពសុខភាពកម្មករ ។ លោកបញ្ជាក់ថា : សុខទុក្ខរបស់បងប្អូនកម្មករនិយោជិតជាសុខទុក្ខរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសុខទុក្ខរបស់ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនេះ ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ “១២៨៦” ឬ “១២៩៧” ឬ ក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹង តាមនីតិវិធីប្រអប់បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង។

យ៉ាងណាក៏ដោយ លោក ស៊ុន មេសា ជឿជាក់ថា : ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹងចូលរួមអនុវត្ត តាមការណែនាំប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវ! ៕