សកម្មភាពជីករ៉ែត្បូងទ្រង់ទ្រាយធំ ក្នុងឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី តាំងពីចុងខែមេសា ហេតុអ្វីបានជាអាជ្ញាធរខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបទប់ស្កាត់?

សកម្មភាពជីករ៉ែត្បូងទ្រង់ទ្រាយធំ ក្នុងឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី តាំងពីចុងខែមេសា ហេតុអ្វីបានជាអាជ្ញាធរខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបទប់ស្កាត់?

ខេត្តរតនគិរី ៖ សកម្មភាពជីករុករ៉ែត្បូង បានកើតមានឡើងនៅចុងខែមេសា នៅក្នុងមូលដ្ឋានឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងកើតមានយ៉ាងគគ្រឹកគ្រេង ដោយហេតុថា មានឧកញ៉ាម្នាក់នៅពីក្រោយរង់ចាំទទួលទិញផលត្បូងដែលរកបាន ទាំងដែលអាជ្ញាធរខេត្តរតនគិរី ជាពិសេសស្ថាប័នពាក់ព័ន្ធ គឺ លោក អ៊ុង ហួរ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តរតនគិរី ហាក់ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ ឬខ្លាចអំណាចរបស់ឧកញ៉ា ទើបមកដល់ពេលនេះហើយ គ្មានវិធានការក្នុងការបង្ក្រាប ឬទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានសុំមិនបញ្ចេញឈ្មោះ បានឱ្យក្រុមការងារដឹងថា៖ សកម្មភាពជីកត្បូងនេះ សង្ស័យជាការជីករុករកដោយខុសច្បាប់ ព្រោះមានមន្ត្រីពុករលួយមួយចំនួនបានស្លៀកពាក់សម្លៀកបំពាក់ធម្មតា ហើយបានទៅកម្សាន្តនៅការដ្ឋានជីកត្បូងនោះជារៀងរាល់ថ្ងៃ ព្រមទាំងមានមន្ត្រីនៃសាលាស្រុកមួយចំនួនបានរៃអង្គាសពីក្រុមហ៊ុនរបស់ឧកញ៉ា (មិនស្គាល់ឈ្មោះ) ខាងលើនេះថែមទៀតផង ដែលជាហេតុគ្មានកិច្ចបង្ក្រាប ឬទប់ស្កាត់ណាមួយហើយមើលទៅ???

មហាជន និងអ្នកវិភាគទូទៅសម្តែងការសោកស្តាយចំពោះអាជ្ញាធរដែលទទួលប្រាក់ខែរដ្ឋ មានភារៈកិច្ចទប់ស្កាត់ បែរជាអនុវត្តផ្ទុយពីតួនាទីនិងភារៈកិច្ចដែលខ្លួនទទួលទៅវិញ។

ហេតុដូច្នេះមហាជន និងប្រជាពលរដ្ឋ មានតែសង្ឃឹមថា ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នឹងមិនជាប់ពាក់ព័ន្ធ ហើយមានវិធានការក្តៅការពារធនធានធម្មជាតិ និងជាពិសេសស្នើដល់ ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកការស៊ើបអង្កេតចំពោះភាពមិនប្រក្រតីក្នុងការមិនចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ (ជីករ៉ែត្បូង) ខាងលើនេះផង។