លទ្ធផលផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ

លទ្ធផលផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ
ភ្នំពេញ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៤ ខែមិថុនានេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់លើគណបក្សនយោបាយចំនួន៤ផ្សេងទៀត។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ៣២៥៧អាសនៈ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ក៏ភ្ជាប់ជាមួយនឹងលទ្ធផលនៃការបែងចែកអាសនៈ និងលទ្ធផលឈ្មោះនៃបេក្ខជនដែលបានជាប់ជាសមាជិកមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌផងដែរ។ ក្នុងនោះសម្រាប់អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត អាសនៈសរុបមានចំនួន ៥៥៩អាសនៈ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥០៤អាសនៈ , គណបក្សឆន្ទៈខ្មែរ ទទួលបាន ៤៨អាសនៈ និងគណបក្សកម្លាំងជាតិ ទទួលបាន ៨អាសនៈ។ តាមតួលេខនេះបានបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនាំមុខគេ ហើយតំណាងគណបក្សប្រជាជនកម្ពុជា និងក្លាយទៅជាប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត ក្រុង។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបន្តថា សម្រាប់អាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ គឺមានចំនួន ៣៦៤១អាសនៈ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣២៥៧អាសនៈ គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣១២អាសនៈ គណបក្សកម្លាំងជាតិ ទទួលបាន ៦៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២អាសនៈ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១អាសនៈ។ តាមតួលេខនេះ តំណាងគណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកាសលទ្ធផលផ្លូវការនេះ បន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតមិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ៕
ដកស្រង់ពី៖ AMS ពលជ័យ