ក្រសួងព័ត៌មាន និង ក្រុមហ៊ុន OPPO សហការគ្នាត្រៀមរៀបចំបង្កើតកម្មវិធីប្រកួតប្រជែងថតរូប ដើម្បីបង្ហាញពីសក្តានុពលសំខាន់ៗរបស់ប្រទេសកម្ពុជា នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

ក្រសួងព័ត៌មាន និង ក្រុមហ៊ុន OPPO បានសហការគ្នាត្រៀមរៀបចំបង្កើតកម្មវិធីប្រកួតប្រជែងថតរូប ដើម្បីបង្ហាញពីសក្តានុពលសំខាន់ៗរបស់ប្រទេសកម្ពុជា ឱ្យសាធារណជនបានឃើញកាន់តែច្រើនបន្ថែមទៀតតាមរយៈរូបថត នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុខ។ ការត្រៀមរៀបចំកម្មវិធីប្រកួតប្រជែងនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងាររវាងឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានជាមួយលោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុនទូរសព្ទ័ដៃ OPPO ដែលបានឧបត្តម្ភគាំទ្រ និងចូលរួមរៀបចំកម្មវិធីប្រកួតប្រជែងថតរូប ដែលជាផ្នែកមួយក្នុងការជំរុញសិល្បៈថតរូប សម្រាប់ជាការបង្ហាញពីសក្តានុពលសំខាន់ៗរបស់ប្រទេសកម្ពុជាឱ្យសាធារណជនទូទៅ បានឃើញច្បាស់កាន់តែច្រើនបន្ថែមទៀតតាមរយៈរូបថត។ ឯកឧត្ដមបានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងថតរូបនេះ គ្រោងនឹងរៀបចំធ្វើនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ខាងមុខនេះ ក្នុងទិសដៅដាក់ចេញនូវប្រធានបទលើកទឹកចិត្តឱ្យប្រជាពលរដ្ឋថតរូប នៃទិដ្ឋភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ហើយធ្វើការផ្សព្វផ្សាយបានកាន់តែទូលំទូលាយថែមទៀត ។ ជាមួយគ្នានេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីប្រកួតប្រជែងថតរូបនេះដែរ ខាងក្រុមហ៊ុន OPPO មានអ្នកជំនាញ ពីរ រូប ក្នុងការវាយតម្លៃខាងផ្នែកថតរូបតាមទូរសព្ទ័ដៃ និង កាមេរ៉ាវីដេអូ ហើយខាងក្រសួងព័ត៌មាន ក៏មានអ្នកជំនាញ ១ រូប ចូលរួមវាយតម្លៃសម្រាប់រូបថត។ ទន្ទឹមនេះ ក្រុមហ៊ុន OPPO និង ក្រសួងព័ត៌មាន ក៏គ្រោងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីដំណើរការ និងផែនការសម្រាប់រៀបចំការប្រឡងថតរូបភាពស្អាតៗ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទិដ្ឋភាពសំខាន់ៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបជូនថា ក្នុងជំនួបនោះដែរ តំណាងក្រុមហ៊ុន OPPO ក៏បាននាំយកនូវអំណោយមកជូនដល់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្នុងនោះ រួមមាន OPPO Reno11: ០២គ្រឿង, OPPO Pad Neo: ០៣ គ្រឿង, OPPO Watch X: ០២ គ្រឿង, OPPO Pad Air: ០៩ គ្រឿង, OPPO Enco Air3: ១០ គ្រឿង និង កាបូបចំនួន ២០០ ៕