លទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

លទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយមានការចូលរួមពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងផ្នែករដ្ឋ និងផ្នែកឯកជន។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាគ្នាលើឯកសារសំខាន់ៗ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជំរុញដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិ​បាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលខាងមុខនេះ។

អង្គប្រជុំបានស្ដាប់នូវបទបង្ហាញអំពីគម្រោងដំណើរការ និងរចនាសម្ព័ន្ធរបស់ ក.ផ.ផ. និងបានពិភាក្សាគ្នាលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ក.ផ.ផ. ព្រមទាំងបានពិភាក្សាគ្នាលើប្រភពធនធានសម្រាប់ដាក់ឱ្យដំណើរការ ក.ផ.ផ. ក្នុងពេលឆាប់ៗខាងមុខ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងផ្នែករដ្ឋ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមមតិយោបល់យ៉ាងសកម្ម និងកផ្តល់នូវធាតុចូលសំខាន់ៗ សម្រាប់ចាប់ផ្ដើមដំណើរការ ក.ផ.ផ. ដើម្បីបោះជំហានឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា និងប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ។