រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣០៣នាក់។វគ្គបណ្តុះបណ្តាលនេះគឺជាសកម្មភាពមួយសម្រាប់ការពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពចំនួន៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីបានណែនាំបញ្ចប់មេរៀន “ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់មើលថែខ្លួនឯង” ដោយបង្ហាញវិធីសាស្រ្តផ្សេងៗសម្រាប់ការមើលថែសុខភាពខ្លួនឯងនិង ណែនាំអោយអ្នកដឹកនាំបង្កើតជាទម្លាប់ល្អមួយសម្រាប់ខ្លួនឯង(ឧទា. ការសម្រាកបានគ្រប់គ្រាន់ ការហូបអាហារដែលមានសុខភាពល្អ ការហាត់ប្រាណ។ល។)ហើយអនុវត្តទម្លាប់ល្អនោះអោយមាននិរន្តរភាព។ អ្នកដឹកនាំក៍ត្រូវរក្សាអោយបាននូវតុល្យភាពរវាងការងារ និងគ្រួសារ។

ឯកឧត្តម សាស្ត្រាចារ្យ ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពីការឆ្លុះបញ្ចាំងឡើងវិញដើម្បីពិនិត្យលើសកម្មភាពថែទាំខ្លួនឯង និងធ្វើជាគំរូល្អដល់បុគ្គលិកព្រមទាំងទាក់ទាញបុគ្គលិកទាំងអស់ចូលរួមក្នុងសកម្មភាពថែទាំសុខភាពខ្លួនឯងនេះបានជាប្រចាំ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។